Galatians 4

1ខ្ញុំចង់​និយាយដូច្នេះកាលណាអ្នកស្នងមរតកនៅក្មេង​នៅឡើយ​នោះ​មិនខុសពីបាវបម្រើទេ​ទោះបី​ជាម្ចាស់​លើ​អ្វីៗ​ទាំងអស់​ក៏​ដោយ 2ប៉ុន្តែគាត់​ត្រូវ​ស្ថិតនៅក្រោមមេការនិងអ្នកមើលការខុសត្រូវរហូតដល់​ពេល​ដែលឪពុក​បាន​កំណត់ទុក 3រីឯយើង​វិញ​ក៏ដូច្នេះដែរពេល​យើង​នៅជាទារក​នៅ​ឡើយ​យើង​បាន​ជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយ​នេះ 4លុះដល់ពេលកំណត់​ហើយ​ព្រះជាម្ចាស់​ក៏​ចាត់​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មកប្រសូតពីស្ត្រីម្នាក់​គឺ​ឲ្យ​ប្រសូតនៅក្រោមគម្ពីរវិន័យ 5ដើម្បីលោះ​អស់​អ្នកដែល​ស្ថិត​នៅក្រោមគម្ពីរវិន័យ​ឲ្យ​រួច​និង​ដើម្បី​ឲ្យ​យើង​បាន​ទទួលឋានៈជាកូន 6ហើយដោយព្រោះ​អ្នករាល់គ្នា​ជាកូន​នោះ​ព្រះជាម្ចាស់បញ្ជូនវិញ្ញាណនៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​គង់​នៅក្នុងចិត្តយើង​គឺ​វិញ្ញាណ​នេះ​ហើយ​ដែល​បន្លឺសំឡេងថាអ័ប្បា! ​ព្រះ​វរ​បិតាអើយ! 7ដូច្នេះអ្នករាល់គ្នា​មិនមែនជាបាវបម្រើទៀតទេប៉ុន្ដែ​ជា​កូនវិញហើយបើ​អ្នករាល់គ្នា​ជា​កូន​អ្នករាល់គ្នា​ក៏​ជា​អ្នកស្នងមរតកដោយសារព្រះជាម្ចាស់ដែរ 8កាលអ្នករាល់គ្នា​មិនទាន់ស្គាល់ព្រះជាម្ចាស់នៅឡើយ​អ្នករាល់គ្នា​បាន​បម្រើ​ព្រះ​ទាំងឡាយ​ដែលមិនមែនជាព្រះដ៏ពិត 9ប៉ុន្តែឥឡូវនេះ​អ្នករាល់គ្នា​ស្គាល់ព្រះជាម្ចាស់ហើយតែស៊ូ​និយាយ​ថា​ព្រះជាម្ចាស់​បាន​ស្គាល់​អ្នករាល់គ្នា​វិញហេតុអ្វី​បានជា​អ្នករាល់គ្នា​ត្រលប់ទៅគោលការណ៍បឋមដ៏ទន់ខ្សោយនិងគ្មានតម្លៃម្ដងទៀតដូច្នេះ? ​តើ​អ្នករាល់គ្នា​ចង់បម្រើអ្វីៗទាំងនោះសាថ្មីទៀត? 10អ្នករាល់គ្នាប្រតិបត្ដិតាមថ្ងៃខែរដូវនិងឆ្នាំ 11ចំពោះអ្នករាល់គ្នា​ខ្ញុំ​ខ្លាចតែ​ខ្ញុំ​ធ្វើការនឿយហត់សម្រាប់អ្នករាល់គ្នាឥតប្រយោជន៍ 12បងប្អូនអើយ! ​ខ្ញុំ​សូម​ឲ្យ​អ្នករាល់គ្នាត្រលប់ដូចជាខ្ញុំដ្បិតខ្ញុំ​ក៏​បាន​ត្រលប់​ដូចជាអ្នករាល់គ្នាដែរ។ ​អ្នករាល់គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹងខ្ញុំទេ 13អ្នករាល់គ្នាដឹងថាកាលពីមុន​ខ្ញុំ​បាន​ប្រកាសដំណឹងល្អ​ប្រាប់​អ្នករាល់គ្នាដោយ​ភាព​កម្សោយខាងសាច់ឈាម​របស់​ខ្ញុំ 14ហើយទោះបី​មានសេចក្ដីល្បួង​ចំពោះ​អ្នករាល់គ្នាដោយសារសាច់ឈាម​របស់​ខ្ញុំ​ក៏ដោយ​ក៏​អ្នករាល់គ្នា​មិន​បាន​មើលងាយស្អប់ខ្ពើម​ខ្ញុំ​ដែរផ្ទុយទៅវិញ​អ្នករាល់គ្នា​បាន​ទទួលខ្ញុំដូចជាទេវតា​របស់​ព្រះជាម្ចាស់​ឬ​ដូចជា​ព្រះ​គ្រិស្ដយេស៊ូ 15ដូច្នេះតើ​អំណរ​ដែល​អ្នករាល់គ្នាមាន​ពីមុន​នោះ​នៅឯណា? ​ដ្បិត​ខ្ញុំ​ធ្វើបន្ទាល់​អំពី​អ្នករាល់គ្នាថាបើអាច​ធ្វើ​បាន​អ្នករាល់គ្នា​នឹង​ខ្វេះភ្នែកឲ្យខ្ញុំហើយ 16ដូច្នេះតើ​ខ្ញុំ​ត្រលប់ជាខ្មាំងសត្រូវ​របស់​អ្នករាល់គ្នា​ដោយព្រោះ​ខ្ញុំ​និយាយ​សេចក្ដីពិត​? 17ពួកគេសង្វាតចង់បានអ្នករាល់គ្នាមិនមែន​ដោយ​បំណង​ល្អទេផ្ទុយទៅវិញ​ពួកគេ​ចង់បំបែកអ្នករាល់គ្នា​ចេញ​ពី​យើង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​សង្វាតចង់បានពួកគេ​វិញ។ 18ល្អហើយ​ដែល​សង្វាតចង់បានការល្អជានិច្ចមិនមែន​តែ​នៅពេលដែលខ្ញុំនៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះទេ 19កូនអ្នករាល់គ្នា​អើយ! ​ដើម្បី​អ្នករាល់គ្នា​ខ្ញុំ​ឈឺចាប់ម្ដងទៀត​ដូច​គេ​សម្រាលកូនទម្រាំ​ព្រះ​គ្រិស្ដមានរូបរាងនៅក្នុងអ្នករាល់គ្នា 20ខ្ញុំចង់នៅជាមួយអ្នករាល់គ្នា​នា​ពេល​ឥឡូវនេះនិងផ្លាស់ប្ដូរសំដី​របស់​ខ្ញុំព្រោះ​ខ្ញុំ​ទ័លគំនិតអំពីអ្នករាល់គ្នាហើយ 21ឱពួក​អ្នកចង់នៅក្រោមក្រឹត្យវិន័យអើយ! ​សូម​ប្រាប់ខ្ញុំមើល៍​តើ​អ្នករាល់គ្នា​មិន​សេចក្ដី​ដែល​ក្រឹត្យវិន័យ​ចែង​ទេ? 22ដ្បិតមាន​សេចក្ដីចែង​ទុក​ថា​លោក​អ័ប្រាហាំមានកូនប្រុសពីរនាក់​គឺ​ម្នាក់​កើត​ពី​ស្ត្រី​ជា​អ្នកបម្រើហើយម្នាក់​ទៀត​កើត​ពី​ស្ត្រី​ជា​អ្នកមានសេរីភាព 23ប៉ុន្តែកូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នកបម្រើ​បាន​កើតតាមសាច់ឈាមរីឯ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នកមានសេរីភាព​បាន​កើត​តាមសេចក្ដីសន្យា 24នេះជាការប្រៀបធៀបគឺស្ដ្រី​ទាំងពីរ​នាក់​នេះជាកិច្ចព្រមព្រៀងពីរមួយមកពីភ្នំស៊ីណាយ​ដែល​បាន​បង្កើតកូនសម្រាប់​ភាព​ជា​បាវបម្រើ​នោះ​ជា​នាង​ហាការ 25នាងហាការជាភ្នំស៊ីណាយនៅ​ស្រុក​អារ៉ាប់​ក៏​ដូចជា​ក្រុង​យេរូសាឡិម​នា​សព្វថ្ងៃនេះដែរព្រោះ​នាង​ត្រូវ​នៅ​ជា​បាវបម្រើជាមួយកូនចៅ​របស់​នាង 26តែក្រុង​យេរូសាឡិមដែលនៅ​ស្ថាន​លើវិញគឺជា​ស្ត្រី​ជា​អ្នកមានសេរីភាពដែលជាម្ដាយ​របស់​យើង 27ដ្បិតមាន​សេចក្ដីចែង​ទុក​ថា​ឱ​ស្ត្រីអារដែលមិនបង្កើតកូនអើយ! ​ចូរ​អរសប្បាយឡើង​ឱ​ស្ត្រី​ដែលមិន​ស្គាល់​ការ​ឈឺចាប់​នៅពេល​សម្រាលកូនអើយ! ​ចូរ​បន្លឺសំឡេងហើយស្រែកចុះព្រោះកូនរបស់ស្ត្រីឯកោ​មាន​ច្រើនជាង​កូន​របស់​ស្ត្រី​ដែលមានប្ដីទៅទៀត 28បងប្អូនអើយ! ​អ្នករាល់គ្នាជាកូនតាមសេចក្ដីសន្យា​ដូច​លោក​អ៊ីសាក​ដែរ 29ប៉ុន្តែពេលនោះ​កូន​ដែលកើតតាមសាច់ឈាម​បាន​បៀតបៀន​កូន​ដែល​កើត​តាម​ព្រះ​វិញ្ញាណ​ជា​យ៉ាងណាឥឡូវនេះ​ក៏​យ៉ាងនោះដែរ 30តើបទគម្ពីរចែង​យ៉ាង​ដូចម្ដេច​គឺ​ចែង​ថា៖ ​«ចូរ​ដេញ​ស្ត្រី​ជា​អ្នកបម្រើនិងកូនប្រុស​របស់​នាង​ចេញ​ទៅដ្បិតកូនប្រុសរបស់​ស្ត្រី​ជា​អ្នកបម្រើមិន​ត្រូវ​ទទួលមរតកជាមួយកូនប្រុសរបស់​ស្ត្រី​ជា​អ្នកមានសេរីភាពឡើយ» 31ដូច្នេះបងប្អូនអើយ! ​យើង​មិនមែនជាកូន​របស់​ស្ដ្រី​ជា​អ្នកបម្រើទេគឺ​ជា​កូន​របស់​ស្ត្រី​ជា​អ្នកមានសេរីភាពវិញ
Copyright information for KhmKCB